លោក មុត ចន្ថា​ ស្នើ ​ACU ​​​ចាត់​​វិធាន​​ការ​​ច្បាប់​​​លើ​​អ្នក​​ពាក់ព័ន្ធ​​ករណី​​បាត់​​លុយ​​​ទូរទស្សន៍​​ជិត​១លាន​ដុល្លារ​​!!!

រាជធានីភ្នំពេញ ៖ លោក មុត ចន្ថា អតីតមនុស្សជំនិតរបស់លោក កឹម សុខា និងជាអតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្ស​CNRP នោះ បានស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់វិធានការស៊ើបអង្កេតលើអ្នកពាក់ព័ន្ធករណីបាត់លុយទូរទស្សន៍ជិត ១ លានដុល្លារ ខណៈអតីតមេដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ស្ទើរតែទាំងអស់បានបិទមាត់ជិត​ឈឹងរឿង​បាត់មូលនិធិ (លុយ) ទូរទស្សន៍ព្រះអាទិត្យជិត១លានដុល្លារអាមេ​រិក​ហើយ​បើត្រូវការបណ្តឹងជាលាយ​លក្ខណ៍​អក្សរលោក​នឹងពិចារណា។

បើតាមលោក មុត ចន្ថា លោក យឹម សុវណ្ណ គឺជាថ្នាក់ដឹកនាំម្នាក់ ដែលចេញចូលប្រទេសកម្ពុជា-អូស្រ្តាលី ដោយសេរី ហើយគេបានដឹងថា លោក យឹម សុវណ្ណ បានស៊ីញ៉េ ដកលុយពីធនាគារ ជាមួយលោក គី វណ្ណដារ៉ា ។ លោកថា ភាពស្ងាត់​ស្ងៀម​របស់ពួកគេចំពោះការបាត់ដំណឹងសូន្យឈឹង នៃលុយទូរទស្សន៍ មានន័យពីរយ៉ាង គឺទីមួយ ពួកគេជាមនុស្ស​ស្រឡាញ់គាំទ្រអំពើពុករលួយ និងម្យ៉ាងទៀតពួកគេខ្លះអាចសមគំនិតឃុបឃិតក្នុងអំពើបាត់លុយនេះ។លោក មុត ចន្ថា លើកឡើងដែរថា អ្នកនយោបាយខ្លះបានចេញទៅបង្កើតគណបក្សថ្មី ដោយអួតឡង់​សេ​ពី​គោលនយោបាយ ពីការចង់បាន​សង្គមស្អាតស្អំ និងគ្មានអំពើពុករលួយ ប៉ុន្តែពួកគេបិទមាត់ជិតឈឹងរឿងបាត់លុយទូរទស្សន៍ ដែលពួកមានចំណែក​ទទួល​ខុសត្រូវ។

ប្រជាពលរដ្ឋខ្មែរពុំគួរជឿអ្នកនយោបាយសេក ដែលពូកែសូត្រកំណាព្យ ប៉ុន្តែពួកគេគ្មានភាពស្មោះត្រង់ចំពោះជាតិ និងប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះឡើយ។

លោកថា “វាដល់ពេលវេលាហើយ ដែលស្ថាប័នអនុវត្តច្បាប់ ដូចជា អង្គភាពប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាល ចាប់ផ្តើមស៊ើបអង្កេត និងនាំខ្លួនអ្នកពាក់ព័ន្ធឱ្យទទួលខុសត្រូវចំពោះករណីបាត់លុយទូរទស្សន៍ ដើម្បីបង្ហាញថា ស្ថាប័នទាំង​នេះអនុវត្តច្បាប់ដោយស្មើភាព និងគ្មានការរើសអើង”។

លោក មុត ចន្ថា អះអាងថា អង្គភាពប្រឆាំងអំពើពុករលួយ គួរប្តឹងទៅតុលាការស្នើសុំដីកាបង្កកទ្រព្យសម្បត្តិរបស់មនុស្ស ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការស៊ីញេដកលុយពីធនាគារ គឺលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ហើយទ្រព្យ​សម្បត្តិរបស់លោកស្រី មូរ សុខហួរ ក៏គួរត្រូវតែបង្កកដូចគ្នា ដោយសារគាត់បានចេញមុខធានា​អះអាងពីការមិន​បាត់លុយ​ទូរទស្សន៍នេះ។

លោក មុត ចន្ថា បានថ្លែងប្រាប់កម្ពុជាថ្មីដែរថា អំពើពុករលួយ គឺជាបទល្មើសព្រហ្មទណ្ឌ ឬឧក្រិដ្ឋ ដូច្នេះដោយផ្អែកតាមក្រម​នីតិវិធីព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងក្រុងភ្នំពេញ មានសមត្ថកិច្ចបើកការស៊ើបអង្កេត ទោះមានបណ្តឹង ឬគ្មានបណ្តឹង។

ជាងនេះទៅទៀត ផ្អែកតាមច្បាប់ប្រឆាំងអំពើពុករលួយ ACU ដែលជាស្ថាប័នអនុវត្តច្បាប់នេះមានយុត្តាធិការ អំណាច និងសមត្ថកិច្ចចាត់វិធានការច្បាប់ និងបើកការស៊ើបអង្កេត សូម្បីតែបណ្តឹងអនាមិក លោកថា បើសិនជាតម្រូវឱ្យមាន​បណ្តឹងជា​លាយ​លក្ខណ៍អក្សរ “ខ្ញុំនឹងពិចារណា ប៉ុន្តែខ្ញុំជឿថាស្ថាប័នតុលា​ការ និងអង្គភាពប្រឆាំងអំពើពុករលួយ នឹងចាត់វិធានការដោយអនុលោមតាមច្បាប់”៕

អត្ថបទ៖ កោះកែវ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *