តុលាការសម្រេចឃុំខ្លួនគ្រូមន្តអាគមជនជាតិខ្មែរស្លាមម្នាក់ ពីបទរំលោភសេពសន្ថវៈលើអនីតិជនក្រោមអាយុ ១៥ ឆ្នាំ

ខេត្តកំពង់ឆ្នាំង៖ តុលាការសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ សម្រេចឃុំខ្លួនបុរសជនជាតិខ្មែរឥស្លាម ជាគ្រូមន្តអាគមម្នាក់នោះ។

ជនសង្ស័យ ដែលជាគ្រូមន្តអាគមខាងលើ មានឈ្មោះ ទី លី ហៅ រ៉ន អាយុ ៥៩ឆ្នាំ ជាជនជាតិខ្មែរឥស្លាម រស់នៅភូមិត្រពាំងស្មាច់ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ត្រីម្នាក់ បាននាំកូនស្រីអាយុ ១៥ឆ្នាំ ទៅឱ្យគ្រូមន្តអាគម ឈ្មោះ ទី លី ខាងលើ ដើម្បីមើល និងព្យាបាល ហើយត្រូវបានគ្រូនោះ ប្រាប់ថា ត្រូវអំពើគេ ត្រូវមកស្រោចទឹក រាល់ថ្ងៃ។ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកក្កដា។ ការស្រោចទឹករាល់ល្ងាច មិនមានបញ្ហាអ្វីទេ។ លុះដល់ថ្ងៃទី១៥ ខែកក្កដា ពេលស្រោចទឹករួច គ្រូមន្តអាគមរូបនោះ បានឱ្យកុមារីរងគ្រោះអាយុ ១៥ឆ្នាំ ចូលទៅក្នុងបន្ទប់របស់ខ្លួន ហើយក៏ចាប់រំលោភតែម្តង។ នៅថ្ងៃទី១៦កក្កដា ពេលស្រោចទឹករួច គ្រូនោះ បានរំលោភកុមារីរងគ្រោះម្ដងទៀត។ លុះដល់ថ្ងៃទី១៧ ខែកក្កដា កុមារីរងគ្រោះ បានប្រាប់ម្ដាយ អំពីរឿងនេះ ហើយម្តាយ ក៏បានដាក់ពាក្យប្ដឹង ទៅសមត្ថកិច្ច ទើបនៅថ្ងៃទី១៧ ខែកក្កដា សមត្ថកិច្ចនគរបាល បានចាប់ឃាត់ខ្លួនគ្រូមន្តអាគម ជាជនជាតិខ្មែរឥស្លាម បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ។

គ្រូមន្តអាគមអូមអាមរូបនោះ បានសារភាពថា ខ្លួនពិតជាបានរំលោភកុមារីរងគ្រោះ ចំនួនពីរលើកពិតប្រាកដមែន ទើបនគរបាលបញ្ជូនខ្លួនជនសង្ស័យ រួមជាមួយសំណុំរឿង ចម្លើយសារភាព ទៅកាន់សាលាដំបូង ហើយត្រូវសាលាដំបូង សម្រេចឃុំខ្លួន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្នុងបទចោទប្រកាន់ចាប់រំលោភអនីតិជន អាយុក្រោម ១៥ឆ្នាំ ៕

ដោយ ÷ ឆាយ ហៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *