សម្ដេច​ក្រឡាហោម ​​ស ​ខេង ​​រដ្ឋមន្ត្រី​​ក្រសួង​​មហាផ្ទៃ ​​បាន​​អញ្ជើញ​​ដឹក​​នាំ​​​កិច្ច​​ប្រជុំ​​តាម​​ដាន​​​វឌ្ឍនភាព​​នៃ​​ការ​​ប្រយុទ្ធ​​ប្រឆាំង​​ជំងឺ​​កូវីដ-១៩​ ​របស់​​ក្រសួង​​មហា​ផ្ទៃ​តាម​​ប្រព័ន្ធ​​វីដេ​អូ ​​Zoom!!!

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ​កិច្ចប្រជុំតាមដាន​វឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់ក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ Zoom ។
យោងតាមរបាយការណ៍របស់ ឯកឧត្តម សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានទទួលវ៉ាក់សាំងពីក្រសួងសុខាភិបាល ចំនួន២០លើក ស្មើនឹង១០៧,៣២១ដូស និងទទួលបានសម្ភារៈបរិក្ខារមួយចំនួនទៀត ។
ឯកឧត្តម អគ្គនាយកបន្តថា ក្រសួងមហាផ្ទៃក៏បានទទួលជំនួយបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ ផ្ដល់ដោយថ្នាក់ដឹកនាំក្រសួង អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន និងអង្គភាពចំណុះនានាមួយ​ចំនួន​ទៀត មានទាំងជំនួយថវិកា និងសម្ភារៈបរិក្ខារ ។
ឯកឧត្តមបានបន្ថែមថា ក្រសួងមហាផ្ទៃ ក៏បានទទួលឧបករណ៍តេស្តរហ័សផ្ដល់ដោយក្រសួងសុខាភិបាល និងទទួលបាន​ពីជំនួយថ្នាក់ដឹកនាំក្រសួង និងសប្បុរសជនជាបន្តបន្ទាប់ ព្រមទាំងបានបញ្ជាទិញឧបករណ៍​តេស្តរហ័សនេះ​បន្ថែមសម្រាប់​ការប្រើប្រាស់ផងដែរ ។ ពាក់ព័ន្ធនឹងឆ្លងជំងឺកូវីដ-១៩ ឯកឧត្តម សេង យូអ៊ាន់ ​បាន​បញ្ជាក់ថា មកដល់ពេលនេះមានថ្នាក់ដឹក​នាំ និងមន្រ្តីចំណុះក្រសួងមហាផ្ទៃ ២.១៩៨នាក់ បានឆ្លងជំងឺនេះ ក្នុងនោះជាសះស្បើយ ១.៤៤១នាក់ កំពុងព្យាបាល ៧៣៦នាក់ និងស្លាប់ ២១នាក់ ។ ឯកឧត្តមអគ្គនាយក ក៏បានរាយការណ៍ជូនសម្ដេច ព្រមទាំងអង្គប្រជុំ អំពីការបែងចែកជំនួយ​ថវិកា និងសម្ភារៈ ដំណើរការចាក់វ៉ាក់សាំង និងកិច្ចការសំខាន់ៗមួយចំនួនទៀតពាក់ព័ន្ធនឹងការបង្ការ​ទប់ស្កាត់​ជំងឺកូវីដ-១៩នៅ​​ក្រសួងមហាផ្ទៃ ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍ឱ្យបន្តការងារអប់រំផ្សព្វផ្សាយ​អំពីការអនុវត្តវិធានការ៣កុំ ៣ការពារ ពង្រឹងការអនុវត្តច្បាប់ និងវិធានការ និងត្រូវជំរុញការចាក់វ៉ាក់សាំងឱ្យបាន​តាមគោល​ការណ៍​ក្រសួងសុខាភិបាល ។ ជាមួយគ្នានេះ សម្ដេច ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យមានការផ្ដល់ព័ត៌មានអំពីសំណើ និងសំណូមពរនានាដើម្បីរៀបចំការសម្របសម្រួល ពិសេសជាមួយក្រសួងសុខាភិបាល ហើយគ្រប់អង្គភាពត្រូវធ្វើរបាយ​ការណ៍ឱ្យទៀងទាត់ ។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានសម្ដែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមរដ្ឋលេខាទទួល​បន្ទុក និងឯកឧត្តមអគ្គនាយកពន្ធនាគារ ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្នុងពន្ធនាគារ ពិសេសការរៀបចំ​ចាក់វ៉ាក់​សាំងជូនអ្នកជាប់ឃុំ ៕
ដោយ ៖​ ឆាយ ហៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *