ក្រុម​ញៀន​ល្បែង​ជល់​មាន់​ដាក់​លុយ​ចំនួន​៨នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ ​បញ្ជូន​ដល់​តុលាការ​ខេត្ត​ដោះ​លែង​ឲ្យ​មាន​សេរីភាព​!

ខេត្តកំពង់ស្ពឺ ៖ តុលាការខេត្តកំពង់ស្ពឺបានសម្រេចដោះលែងអ្នកញៀន ល្បែងជល់មាន់ចំនួន៨នាក់ ឱ្យមានសេរីភាពវិញ ក្រោយកម្លាំងនគរបាលឃាត់ខ្លួនបានចំនួន៤ថ្ងៃ ហើយការដោះលែងឱ្យមានសេរីភាពឡើងវិញនេះ​ធ្វើឡើងនៅវេលា​ម៉ោង១២និង០៦នាទីថ្ងៃត្រង់ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២១។

គួរបញ្ជាក់ដែរថាក្រុមអ្នកញៀនល្បែងជល់មាន់ ទាំង៨នាក់មានឈ្មោះ ១-ឈ្មោះ ប្រាក់ តូ អាយុ៤២ឆ្នាំ រស់នៅក្នុង​ឃុំត្រពាំងគង ២-ឈ្មោះ អូន សារ៉ាត់ អាយុ៣៤ឆ្នាំ រស់នៅក្នុងឃុំវល្លិស ៣-ឈ្មោះ អុល ស៊ីន អាយុ១៩ឆ្នាំ រស់នៅ​ខេត្តស្ទឹងត្រែង ៤-ឈ្មោះ សែ ធែល អាយុ៣៧ឆ្នាំរស់នៅខេត្តស្ទឹងត្រែង ៥-ឈ្មោះ អៀន គឹមឆៃ អាយុ២៣ឆ្នាំរស់នៅឃុំវល្លិស ៦-ឈ្មោះ ហួត គីមលៀង អាយុ២២ឆ្នាំ រស់នៅឃុំរលាំងគ្រើល ៧-ឈ្មោះ អ៉ីម ពិសី អាយុ២៤ឆ្នាំរស់នៅឃុំវល្លិសនិង៨-ឈ្មោះ សេង គឹមថៃ អាយុ៤៩ឆ្នាំ រស់នៅឃុំរលាំងគ្រើល។

ប្រតិបត្តការណ៍បង្ក្រាបអ្នកញៀនល្បែងជល់មាន់ទាំង៨នាក់នេះ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាន​នគរបាល
ខេត្តកំពង់​ស្ពឺឡោមព័ទ្ធ បង្ក្រាបនិងដេញប្រផាប់ចាប់ប្រភីង នៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២១ចំណុចទីតាំងសង្វៀនបញ្ជល់ នៅភូមិភូមិសាស្ត្របឹងស្រែខាងជើង ភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបនោះ កម្លាំងនគរបាលបានដកហូតវត្ថុតាងបានជាច្រើនរួមមាន៖ មាន់ ជញ្ជីងថ្លឹង ខ្នាយដែក ស្បែកជើងអ្នកលេងនិងលុយមួយចំនួនធំ។

ក្រោយការដោះលែងឱ្យមានសេរីភាពឡើងវិញនៃក្រុមអ្នកញៀនល្បែងជល់មាន់ខាងលើ នេះបានធ្វើឱ្យមានការរិះគន់ពី​មហាជនថា៖ច្បាប់គួរតែមានវិធានការតឹងរឹងជាងនេះ មិនគួរធូររលុងពេកនោះទេដោយចាប់មិនបានមួយដង្ហើម​ចង្រឹត​ហើយដោះលែងវិញគឺធ្វើឱ្យក្រុមជនញៀនល្បែងទាំងនោះរឹតតែបានចិត្ត មិនខ្លាចច្បាប់ និងអាចប្រមូល​ផ្តុំគ្នាលេងល្បែង​ឡើងវិញដើម្បីប្រមូលលុយស្រង់ដើម។

ប្រភពបានបន្តទៀតថា មួយវិញទៀត ធ្វើឱ្យអ្នកខំដេញចាប់ដោយមិនខ្លាចជនសង្ស័យតដៃខកចិត្តដែលខ្លួនខំចាប់ បែរជាតុលាការខំលែងទៅវិញ៕

ដោយ​ ៖ ឆាយ ហៀង

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *