សម្តេច​អគ្គ​មហា​ពញា​ចក្រី ​​ហេង សំរិន​​ និង​​សមាជិក​​សមាជិកា​​រដ្ឋ​សភា ​​បាន​​អញ្ជើញ​​មក​​ទទួល​​វ៉ាក់​​​សាំង​​​កូវីដ​​-​១៩ ​​អាស្រ្តា​ហ្សេនី​កា​ដូស​​ទី៣​ ​ឬ​ដូស​​ជំរុញ​​!!!

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសមាជិក សមាជិការដ្ឋសភា បានអញ្ជើញមកទទួលវ៉ាក់​សាំង​កូវីដ-១៩ អាស្រ្តាហ្សេនីកាដូសទី៣ ឬដូសជំរុញ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះ តាមការរៀប​ចំរបស់ក្រសួង​សុខាភិបាល​និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។
សម្តេចបានបន្តថា ៖ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្រ្តគន្លឹះកាត់បន្ថយការឆ្លងនិងឈឺធ្ងន់​ពិសេសសំដៅឈានទៅ​សម្រេច​ឱ្យបាន​នូវភាពសាំសហគមន៍ ដែលជាកត្តាជំរុញធានា ឱ្យបាននូវការវិលត្រឡប់​ទៅរក​ប្រក្រតីភាពថ្មី នៃជីវភាព​របស់​នៅជាទូទៅរបស់ពលរដ្ឋ ក៏ដូចជាការស្តារនូវបញ្ហាសេដ្ឋកិច្ច សង្គមឱ្យងើបឡើងវិញ។ កំណើនអត្រាពលរដ្ឋចាក់វ៉ាក់សាំង បានកើនឡើងជាលំដាប់ ពោលក្នុងចំណោមពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ ដែលរហូតមកដល់ពេលនេះ​សឹងតែ​សម្រេច​បាន១០០% ហើយនៃចំនួនគោលដៅ១០លាននាក់នោះ ។
ចំណែកកុមារនិងយុវវ័យដែលមានអាយុពី១២ដល់១៧ឆ្នាំវិញ មកដល់ ពេលនេះសម្រេចបានជិត៩០% ហើយដែរដែលបាន​ទៅ​​ចាក់វ៉ាក់សំាងកូវីដ-១៩ ក្នុងចំណោមជិត២លាននាក់។ ក្រសួងសុខាភិបាលបាននិងកំពុង​បន្តយ៉ាងសកម្មក្នុងការចាក់វ៉ាក់​សំាងដូសទី៣ឬដូសជំរុញជូនដល់ពលរដ្ឋដែលបានចាក់ដូសទី១និងទី២ ហើយនៅតែបន្តផ្តល់វ៉ាក់សាំងដូសដំបូង​ដល់​ពលរដ្ឋ​ ដែល​មិនទាន់បានទៅចាក់ សំដៅធ្វើយ៉ាងណាឱ្យពលរដ្ឋរបស់យើងដែលមានអាយុត្រូវចាក់បានចាក់គ្រប់ៗគ្នា។
ឆ្លៀតឱកាសនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមកោតសរសើរដល់មន្រ្តីសុខាភិបាល អាជ្ញាធរដែនដី កងយុទ្ធ​ពលខេមរ​ភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានខិតខំគ្រប់បែបយ៉ាងក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងធ្វើកិច្ច​អន្តរាគមន៍​តាម​​ភារកិច្ច ព្រមទាំងការចូលរួមយ៉ាងពេញលេញពីប្រជាពលរដ្ឋរបស់យើង ដែលបានធ្វើឱ្យយុទ្ធសាស្រ្តាចាក់វ៉ាក់​សំាងការ​ពារសុខុមាលភាពសង្គមជាតិរបស់យើងទទួលបានជោគជ័យបែបនេះ។
សម្តេចសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរស្វែង​រក​វ៉ាក់សាំង​​គ្រប់មធ្យោបាយ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបាន ក្នុងចំនួនយ៉ាងច្រើនជាទីមោទកភាព​បំផុតនៅក្នុង​ការពារសុខុមាលភាពពលរដ្ឋនិងសង្គមរបស់យើងទប់ទល់នឹងជំងឺដ៏កាចសាហាវនេះ។ យើងនឹងអាចឈានទៅបើកដំណើរ​ការសាលារៀន រមណីយដ្ឋានកម្សាន្តនានា ដោយត្រូវគោរពតាមស្តង់ដាវិធានការសុវត្ថិភាព ដើម្បីឱ្យចៅៗ កូនក្មួយរបស់​យើងបានវិលទៅសិក្សានៅថ្នាក់រៀនដោយផ្ទាល់ ក៏ដូចជាស្តារវិស័យសេដ្ឋកិច្ចឡើងវិញ ជាបណ្តើរៗតាមរយៈការ​ប្រកបកិច្ច​ការ​រកទទួលទានប្រចាំថ្ងៃផ្សេងៗនោះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាប្រទេសជាមិត្តរបស់​កម្ពុជាទាំង​អស់ រួមនឹង​ដៃគូអភិវឌ្ឍន៍ទាំងឡាយដែលបានចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្តនានាដល់​កម្ពុជានៅក្នុងការ​ប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ជារហូតមក។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តអនុវត្តវិធានការ “៣កុំ ៣ការពារ” និងចូលរួមអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាលឱ្យបានហ្មត់ចត់ ទើបយើងចៀសឆ្ងាយពីជំងឺដ៏សាហាវនេះ ទទួលបាន​សេចក្តីសុខពេញលេញ ក្នុងពេលឆាប់ៗខាងមុខនេះ៕
ដោយ ៖ ឆាយ ហៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *