វ៉ាក់សាំង AstraZeneca ជំនួយ​របស់​ជប៉ុន​ចំនួន ៦៦៨,០០០​ដូ​សទៀត បាន​ដឹក​មកដល់​កម្ពុជា​ហើយ

វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ AstraZeneca ដែលជា​ជំនួយ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ចំនួន ៦៦៨,០០០​ដូ​សទៀត បាន​ដឹក​មកដល់​កម្ពុជា នៅ​យប់​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១​នេះ​។ រាជរដ្ឋាភិបាល​ជប៉ុន បាន​ប្រកាស​ផ្ដល់​ជំនួយ​វ៉ាក់សាំង AstraZeneca ចំនួន ១​លាន​ដូស​ដល់កម្ពុជា ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ដែល​រាតត្បាត​នៅ​កម្ពុជា​។​

​វ៉ាក់សាំង​ដែល​ដឹក​មក​យប់​នេះ ជា​ជើង​លើក​ទី​២ និង​ជា​ចំនួន​បង្គ្រប់​ចំនួន ១​លាន​ដូស ខណៈ​ជើង​ទី​១ បាន​ដឹក​មកដល់​កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ក្នុង​ចំនួន ៣៣២,០០០​ដូស​។ ជប៉ុន គឺជា​ប្រទេស​មួយ​ដែល​បាន​រួមចំណែក​ជា​ច្រើន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩​។ ការផ្ដល់​ជំនួយ​វ៉ាក់សាំង​ចំនួន ១​លាន​ដូស នេះ​ធ្វើឡើង​ស្របតាម​ចំណង​មិត្តភាព​រវាង ជប៉ុន និង​កម្ពុជា និង​ដោយ​ផ្អែក​លើ​ស្ថានភាព​កូវី​ដ​១៩ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ ជំនួយ​វ៉ាក់សាំង​នេះ នឹង​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩ ក៏ដូចជា​កាត់បន្ថយ​ការព្រួយបារម្ភ​មួយចំនួន របស់​ប្រជាជន​កម្ពុជា​។​

​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ទាំងមូល ពិតជា​ទទួល​បាន​ភាព​កក់ក្តៅ និង​សម្តែង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បាន​ជួយ​គាំទ្រ និង​ជ្រោមជ្រែង​ដល់​កម្ពុជា ក្នុង​បុព្វហេតុ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ​ឱ្យ​ខាន​តែ​បាន តាមរយៈ​ការផ្តល់​ជា​ជំនួយ​ឧបករណ៍​បរិក្ខារ​សុខាភិបាល និង​ហិរញ្ញប្បទាន ជា​បន្តបន្ទាប់​នា​ពេលកន្លងមក​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *