ឃាត់ខ្លួនបុរសម្នាក់ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ ដោយវាយដំប្រពន្ធ និងគំរាមសម្លាប់ម្តាយក្មេក នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ÷  នៅថ្ងៃទី២៩ ខែកក្កថា ឆ្នាំ២០២២ នគរបាលស្រុកភ្នំស្រុក និងនគរបាលឃុំប៉ោយចារ បានសហការគ្នា ឃាត់ខ្លួនបុរសម្នាក់ ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ ដោយវាយដំប្រពន្ធ និងគំរាមសម្លាប់ម្តាយក្មេក នៅចំណុចភូមិសំបួរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។

ជនសង្ស័យ ឈ្មោះ សៀ ចាន់ អាយុ ៤២ ឆ្នាំ ចំណែកជនរងគ្រោះ ជាប្រពន្ធ ឈ្មោះ វង់ ទ្រាប់ អាយុ ៣៧ ឆ្នាំ និងម្ដាយក្មេករបស់ជនសង្ស័យ ឈ្មោះ សួស ត្រប់ អាយុ ៦៤ ឆ្នាំ។ ពួកគេ រស់នៅភូមិសំបួរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ សៀ ចាន់ បានផឹកស្រាស្រវឹង ហើយជេរប្រមាថ និងយកដបទឹកត្រី វាយក្បាលប្រពន្ធ និងយកចានដែក វាយក្បាល ប្រពន្ធជាច្រើនចានដែក ថែមទៀត បណ្តាលឱ្យមានស្នាមពក លើក្បាល។ នៅពេលម្តាយក្មេក ទៅឃាត់មិនឱ្យវាយតប់ប្រពន្ធ ស្រាប់តែ ឈ្មោះ សៀ ចាន់ បានយកកូនអង្រែ ធ្វើអំពីឈើ មកដេញវាយ និងគំរាមគំហែង ថាសម្លាប់ម្ដាយក្មេករបស់ខ្លួនទៀតផង។

ជនសង្ស័យ ឈ្មោះ សៀ ចាន់ ជាមនុស្សញៀនស្រា ស្រវឹងជាប្រចាំ មានអត្តចរឹកកោងកាច សាហាវ ឃោរឃៅ។ ជនសង្ស័យម្នាក់នេះ តែងតែប្រព្រឹត្តអំពើហិង្សា មកលើប្រពន្ធ និងក្រុមគ្រួសារ ជាច្រើនដងមកហើយ។ ក្រោយពេលទទួលបានព័ត៌មាននេះ កម្លាំងនគរបាលព្រហ្មទណ្ឌ ស្រុក បានចុះដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យ យកមកសាកសួរ នៅអធិការដ្ឋាននគរបាល ស្រុកភ្នំស្រុក និងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យ ជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ ÷ ឆាយ ហៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *